ប្រវត្តិន៍របស់ពួកយើង

ចាប់តាំងពីឆ្នាំ២០០៣ មកម្លេ៉ះដោយការមើលឃើញពីមួយថ្ងៃទៅមួយថ្ងៃ កំណើនអតិថិជន មានបញ្ហាផ្លូវចិត្តកើនឡើង ព្រមទាំងមានកង្វះខាតសេវាព្យាបាលផ្លូវចិត្ត មិនថាតែបណ្តាខេត្តនានា សូម្បីតែក្នុងរាជធានីភ្នំពេញក៏ពំុទាន់មានមជ្ឈមណ្ឌល ឬគ្លីនិកផ្លូវចិត្តគ្រប់គ្រាន់ ដើម្បីបំរើជូនដល់អតិថិជននៅឡើយ។ ដើម្បីបំពេញបង្គ្រប់ និងចូលរួមលើកកំពស់សុខមាល ភាពផ្លូវចិត្តជូនប្រជាជនជាមួយរាជរដ្ឋាភិបាល គំនិតផ្តួចផ្តើមមួយក្នុងការបង្កើតគ្លីនិកផ្លូវចិត្ត ហើយមានឈ្មោះថា "គ្លីនិកសាន់រ៉ាយ" ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា គ្រូពេទ្យឯកទេសវិកលវិទ្យា បើិកបំរើសេវាជូនអតិថិជន ដែលមានបញ្ហាផ្លូវចិត្ត ឬជម្ងឺផ្លូវចិត្ត។   ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញមួយក្រុមត្រូវបានបង្កើតឡើងដោយរួមបញ្ចូល ទាំងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាខ្មែរ និងបរទេស អ្នកជំនាញចិត្តវិទ្យា គិលានុបដ្ឋាក ឯកទេសវិកលវិទ្យា បុគ្គលិកសង្គម និងអ្នកជំនាញផ្សេងទៀត ។ ពួកគេទាំងអស់មានការ សហការណ៌គ្នាយ៉ាងល្អ ក្នុងការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ គុណភាព និងសុវត្ថភាពខ្ពស់ ជូនដល់អតិថិជនគ្រប់អាយុ គ្រប់ភេទ គ្រប់តំបន់ និងមិនប្រកាន់ឋានៈពណ៌សម្បុសនោះឡើយ គឺដើម្បីសំរេចគោលបំណងតែមួយគត់ ៉រួមគ្នាលើកកំពស់សុខមាលភាពផ្លូវចិត្ត ៉។ ក្រុមគ្រូពេទ្យរបស់ពួកយើងសុទ្ធសឹងជាអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំ ក្នុងការ ពិគ្រោះព្យាបាល វាយតំលៃស្ថានភាពសុខភាពផ្លូវចិត្ត ការផ្តល់ប្រឹក្សា ការព្យាបាលតាម បែបចិត្តសាស្រ្ត ការធ្វើអន្តរាគមន៍លើករណីនិមួយៗ ជាក្រុម និងធ្វើការអប់រំទៅដល់ ក្រុមគ្រួសាររបស់អ្នកជំងឺ។

ក្រោយពីបានការអនុញ្ញាត្តិ និងទទួលស្គាល់ពីក្រសួងសុខាភិបាលរួចមក គ្លីនិកសាន់រ៉ាយ បានចាប់ផ្តើមបើីកអោយដំណេីរការតាំងតែពីពេលនោះមកគឺនៅឆ្នាំ២០០៣។ អតិថិជនភាគ ច្រើនដែលបានមកទទួលសេវានៅទីនេះ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់សោម ខេត្តតាកែវ ព្រៃវែង ស្វាយរៀង និងមានបណ្តាខេត្តឆ្ងាយៗផ្សេងឯទៀតទូទាំងប្រទេស ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរីជាដើម។ ក្រៅពីអតិថិជនជាជនជាតិខ្មែរ គ្លីនិកសាន់រា៉យ បានទទួលផងដែរនូវអតិថិជនជាជនបរទេស ដែលលោកអញ្ជើញមកទទួលសេវាពិនិត្យ និងពិគ្រោះព្យាបាល។ គ្លីនិកក៏បានធ្វើសហប្រតិបត្តិការជាមួយដៃគូរអង្គការនានា ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត ព្រមទាំងស្ថានទូតមួយចំនួនផងដែរ ដូចជា ស្ថានទូតអាមេរិកជាដើម។   អតិថិជនដែលអញ្ជើញមកទទួលសេវាពិគ្រោះ និងព្យាបាលនៅគ្លីនិករបស់ពួកយើង មានរូបភាពពីរសណ្ឋាន។ (១) ចំពោះអតិថិជនដែលមានបញ្ហា ឬជម្ងឺផ្លូវចិត្តក្នុងកំរិតស្រាល ឬមធ្យម បន្ទាប់ពីបានទទួលសេវាពិគ្រោះ និងព្យាបាលពីគ្លីនិកក្នុងកំឡុងពេល ៣០ ទៅ ៤៥នាទីរួចរាល់ហើយ ពួកគាត់នឹងត្រឡប់ទៅគេហដ្ឋានវិញក្នុងថ្ងៃតែមួយ ដើម្បីទទួលការថែរទាំបន្តដោយក្រុមគ្រួសារ។ (២) ចំពោះអតិថិជនដែលមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ ដោយមានអាកប្បកិរិយាកាច ឃោឃៅ ច្រងេ៉ងច្រង៉ាងមិនអាចគ្រប់គ្រងបានដោយក្រុមគ្រួសារ បង្កគ្រោះថ្នាក់ដល់ខ្លួនឯង បង្កគ្រោះថ្នាក់ដល់គ្រួសារ និងអ្នកដ៏ទៃ។ ក្នុងករណីនេះពួកគេត្រូវតែចាំបាច់សម្រាកព្យាបាលនៅក្នុងគ្លីនិកមួយរយៈ ក្រោមការតាមដានថែរទាំ និងធ្វើការព្យាបាលដ៏ម៉ត់ចត់ពីក្រុមអ្នកជំនាញរបស់ពួកយើង។ បន្ទាប់ពីបានធូសះស្បើយ ពួកគាត់តំរូវអោយបន្តការព្យាបាល និងការមើលថែទាំដោយក្រុមគ្រួសារនៅគេហដ្ឋានជាបន្ត។ ក្រៅអំពីការព្យាបាលដោយឱសថ គ្លីនិកក៏ផ្តល់ការព្យាបាល តាមផ្នែកចិត្តសាស្រ្តជាលក្ខណៈបុគ្គល ដូចជាការផ្លាស់ប្តូរនៃការគិត កែប្រែឥរិយាបទ កែប្រែអាកប្បកិរិយា ការស្តារសតិបញ្ញា-ស្មារតី-កាយសម្បទា ការស្តារលទ្ធភាពពលកម្ម  ការផ្តល់ប្រឹក្សា និងផ្តល់សេវាអប់រំបង្ហាត់បង្រៀនអំពីជំងឺផ្លូវចិត្តជូនទៅដល់ក្រុមគ្រួសារដែលកំពុងមើលថែរទាំដល់អ្នកជម្ងឺទាំងនោះ។   ការទទួលខុសត្រូវរបស់គ្រួសារណាម្នាក់ទៅលើអ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ គឺជាបន្្ទុកមួយដ៏ធ្ងន់ធ្ងរ និងមានសភាពតានតឹងក្នុងផ្លូវចិត្តដ៏ធំធេងណាស់ បើប្រៀបធៀបទៅនឹងគ្រួសារដ៏ទៃទៀតដែលពំុមានអ្នកជំងឺផ្លូវចិត្តក្នុងបន្ទុក។ ប៉ុន្តែពួកគេនឹងបានស្រាកស្បើយពីភាពតានតឹងទាំងនេះ ប្រសិនបើពួកគេចូលរួមក្នុងក្រុមតាមកម្មវិធី ដូចខាងក្រោមដើម្បីស្វែងយល់អំពីមូលហេតុ រោគសញ្ញា វិធីសាស្ត្រនៃការព្យាបាល ផលលំបាករបស់ឱសថ និងស្វែងយល់អំពីរបៀបថែរទាំសមស្របមួយដល់អ្នកជាទីស្រឡាញ់របស់ពួកគាត់។ ដោយមិនគិតកំរៃ៉ គ្លីនិក បានផ្តល់ការអប់រំដល់ក្រុមគ្រួសារជារៀងរាល់សប្តាហ៏ដោយអ្នកចិត្តវិទ្យា ឬអ្នកឯកទេសវិកលវិទ្យា គឺនៅថ្ងៃចន្ទ័ផ្តល់ជូន ក្រុមគ្រួសារដែលមានសាច់ញាតិមាន “ជម្ងឺថប់អារម្មណ៍” នៅថ្ងៃពុធផ្តល់ជូន ក្រុមគ្រួសារដែលមានសាច់ញាតិមាន “ជម្ងឺធ្លាក់ទឹកចិត្ត” នៅថ្ងៃសុក្រផ្តល់ជូន ក្រុមគ្រួសារដែលមានសាច់ញាតិមាន “ជម្ងឺចិត្តបណ្តាលពីសេពសុរា-គ្រឿងញៀន” និងនៅថ្ងៃសៅរ៍ផ្តល់ជូន ក្រុមគ្រួសារដែលមានសាច់ញាតិមាន “ជម្ងឺចិត្តវិកល” ។   សព្វថ្ងៃនេះគ្លីនិកក៏បានពងផ្តល់ការវាយតំលៃផ្នែកផ្លូវចិត្តដូចជាការធ្វើតេស្តបញ្ញា តេស្តសមត្ថភាពការងារ តេស្តឥរិយាបថ ការវាយតំលៃក្មេង និងកុមារមតេយ្យ តេស្តបុគ្គលិកលក្ខណៈដល់ កុមារមុននឹងចូលរៀន ឬមុននឹងទទួលយកដោយឪពុកម្តាយចិញ្ចឹម។ ផ្តល់ការវាយតំលៃផ្នែកសុខភាពផ្លូវចិត្តដល់បុគ្គលិក កម្មករមុននឹងទទួលបានការងារធ្វើទាំងនៅក្នុងស្រុក និងបរទេស ឬជនជាតិកម្ពុជាសុំសិទ្ធិរស់នៅឯបរទេស។